សូមយកចិត្តទុកដាក់! ការធាត់ខ្លាំងពេក នឹងធ្វើឲ្យអ្នកកើតមានជំងឺដ៏គួរឲ្យភ័យខ្លាច
ការធាត់ហួសប្រមាណ គឺអាចបណ្តាលមកពីស្ថានភាពសុខភាព ការទទួលទានរបបអាហារមិនល្អ ការគេងមិនគ្រប់គ្រាន់ របៀបរស់នៅ (ពុំមានសកម្មភាព) អាយុ ការមានផ្ទៃពោះ និង ការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយជាដើម។
ជាមួយគ្នានេះផងដែរ ការធាត់លើសទម្ងន់ខ្លាំងពេក វាមិនត្រឹមតែធ្វើឲ្យអ្នកមានរូបរាងអាក្រក់នោះទេ ប៉ុន្តែវាថែមទាំងអាចបង្កឲ្យអ្នកកើតមានហានិភ័យ នៃជំងឺមួយចំនួនទៀតផង។
ខាងក្រោមនេះ គឺជាហានិភ័យនៃការធាត់ហួសប្រមាណ ដែលធ្វើឲ្យអ្នកកើតមានជំងឺដូចជា៖
១/ ជំងឺទឹកនោមផ្អែមប្រភេទទី ២
ភាពធាត់ គឺជាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ នេះបើយោងតាមរយៈរបាយការណ៍របស់ Public Health England ឆ្នាំ២០១៤។
ដោយឡែក ជំងឺទឹកនោមផ្អែម គឺជាជំងឺរំលាយអាហារ ដែលរាងកាយមិនមានសមត្ថភាពផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ ដូច្នេះ ដើម្បីបន្ថយហានិភ័យ នៃការវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ អ្នកចាំបាច់ព្យាយាមបញ្ចុះទម្ងន់ បរិភោគអាហារមានតុល្យភាពទទួលបានការគេងគ្រប់គ្រាន់ និង ហាត់ប្រាណឱ្យបានច្រើន។
២/ សម្ពាធឈាមខ្ពស់
កត្តាប្រឈមមុខ នៃភាពធាត់ហួសប្រមាណ គឺអាចធ្វើឲ្យកើតមានសម្ពាធឈាមខ្ពស់ ហើយបើកាលណាមានសម្ពាធឈាមខ្ពស់ នោះវានឹងបណ្តាលឲ្យកើតមានហានិភ័យនៃជំងឺបេះដូង និង ជំងឺលើសឈាមផងដែរ។
ទន្ទឹមនឹងនេះផងដែរ បញ្ហាទាំងនេះវាអាចបណ្តាលមកពីហ្សែន ការផឹកស្រាច្រើនពេក ការញ៉ាំអំបិលច្រើនពេក មិនធ្វើលំហាត់ប្រាណ ភាពតានតឹង និង ការប្រើប្រាស់ថ្នាំពន្យារកំណើត។
៣/ កម្រិតកូឡេស្តេរ៉ុលខ្ពស់
អ្នកដែលមានទម្ងន់ធាត់លើសទម្ងន់ខ្លាំងពេក គឺពោរពេញទៅដោយកម្រិតកូលេស្តេរ៉ុលអាក្រក់នៅក្នុងរាងកាយ ហើយកម្រិតកូលេស្តេរ៉ុលល្អមានតិចតួច ដែលអាចធ្វើឲ្យកើតមានហានិភ័យ នៃការកើនឡើងកូលេស្តេរ៉ូលលើស នៅក្នុងចរន្តឈាម។
ហេតុនេះ អ្វីដែលអ្នកគួរធ្វើដើម្បីកែតម្រូវ ស្ថានភាពទាំងនេះឡើងវិញនោះ គឺការធ្វើលំហាត់ប្រាណសម្រកទម្ងន់។
៤/ ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល
ទាក់ទងទៅនឹងការធាត់ហួសប្រមាណនេះផងដែរ វាក៏អាចធ្វើឲ្យអ្នកកើតមានហានិភ័យនៃជំងឺបេះដូង ដោយវាធ្វើឲ្យមានការរាំងស្ទះលំហូរឈាមទៅកាន់បេះដូង។
លើសពីនេះទៅទៀត ការធាត់ខ្លាំងពេក អាចបណ្តាលឲ្យមានការប្រែប្រួលនៅក្នុងរចនាសម្ព័ន្ធ និង មុខងារបេះដូង ដែលអាចនាំឲ្យស្លាប់ភ្លាមៗ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល។
៥/ ជំងឺមហារីក
នៅក្នុងនេះផងដែរ ការធាត់ជ្រុលខ្លាំងពេក អាចបង្កើនហានិភ័យនៃការវិវឌ្ឍន៍ទៅជាជំងឺមហារីកមួយចំនួន ដូចជា ជំងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីករន្ធគូថ មហារីកស្បូន មហារីកប្រមាត់ និង មហារីកតម្រងនោម។
ដូច្នេះការរក្សាទម្ងន់ ឲ្យមានសុខភាពល្អ តាមរយៈការបរិភោគរបបអាហារឲ្យបានត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកើនឡើងនៃហានិភ័យនៃជំងឺមហារីក។
៦/ ជំងឺគេងមិនដកដង្ហើម
ជំងឺគេងមិនដកដង្ហើម គឺជាបញ្ហាជំងឺមួយ ដែលការគេងជាទូទៅមានរយៈពេលខ្លីក្នុងការដកដង្ហើម ឬដកដង្ហើមតិចៗ អំឡុងពេលគេង ហើយវាបណ្តាលឱ្យងងុយគេងពេញមួយយប់ និង ថែមទាំងងងុយគេងក្នុងកំឡុងពេលថ្ងៃ ឬមានអាការស្ងាបអាក្រក់ខុសពីធម្មតាផងដែរ។
ភាពធាត់ គឺជាកត្តាហានិភ័យឈានមុខគេមួយ នៃជំងឺគេងមិនដកដង្ហើមមួយនេះ ព្រោះមនុស្សធាត់លើសទម្ងន់ អាចមានជាតិខ្លាញ់នៅត្រង់ករបស់ពួកគេ ដែលជាហេតុធ្វើឲ្យបំពង់ខ្យល់តូច និង ពិបាកដកដង្ហើម។
៧/ ជំងឺថង់ប្រមាត់
បើយោងតាមការស្រាវជ្រាវមួយ បានបង្ហាញថា អ្នកដែលមានទម្ងន់ខ្ពស់ខ្លាំងមិនធម្មតា ឬហៅថាធាត់ គឺមានហានិភ័យខ្ពស់ នៃការកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ដោយសារតែ ខ្លាញ់ពោះអាចបង្កើតហានិភ័យ នៃជំងឺមួយនេះបាន។
មួយវិញទៀត ជំងឺថង់ប្រមាត់ និង គ្រួសក្នុងថង់ទឹកប្រមាត់គឺកើតមានជាទូទៅ ចំពោះអ្នកលើសទម្ងន់។
៨/ បញ្ហាបន្តពូជ
ជាការពិតការធាត់ខ្លាំងពេក អាចបណ្តាលឱ្យមានបញ្ហានៃការមកឈាមរដូវ និងភាពមិនអាចមានកូនចំពោះស្ត្រី និង ភាពមិនប្រក្រតីនៃការឡើងរឹង នៃលិង្គរបស់បុរស មានចំនួនមេជីវិតឈ្មោលទាប និង បញ្ហាសុខភាពផ្លូវភេទដទៃផ្សេងទៀតចំពោះបុរស។
៩/ ជំងឺរលាកឆ្អឹងសន្លាក់
ការធាត់ហួសប្រមាណ គឺជាកត្តាមួយ ដែលធ្វើឲ្យកើតមានជំងឺរលាកសន្លាក់ ដូចជាជង្គង់ ត្រគាក និង ខ្នងផ្នែកខាងក្រោយ។ ម្យ៉ាងវិញទៀត ទម្ងន់រាងកាយធ្ងន់ខ្លាំងពេក បានធ្វើឲ្យមានការដាក់សម្ពាធបន្ថែមលើសន្លាក់ និង ឆ្អឹងខ្ចីដែលជាអ្នកការពារសន្លាក់ផងដែរ។
ទន្ទឹមនឹងនេះផងដែរ ការសិក្សាមួយក្នុងឆ្នាំ ២០១៣ របស់ The Indian Journal of Medical Research បានបញ្ជាក់យ៉ាងច្បាស់ថា ការធាត់ហួសប្រមាណរួមចំណែកដល់ការកកើត និង ការវិវឌ្ឍន៍នៃជំងឺរលាកសន្លាក់ឆ្អឹង ជាពិសេស គឺនៅជង្គង់ ៕
អត្ថបទៈ Anny
No comments: