តាន់ គីមសួរ ថាប្រជាជនជប៉ុនមានអារម្មណ៍រំភើបខ្លាំង ពេលឮថាលោកមានគម្រោងប្រមូលម្តុំខ្មែរចំនួនមួយម៉ឺននាក់ បង្កើតព្រឹត្តិការណ៍ដឹងគុណចំពោះជប៉ុនដែលកំពុងតែជួបវិបត្តិទឹកជំនន់
រយៈពេលជាច្រើនថ្ងៃមកហើយខេត្តជាច្រើននៅក្នុងប្រទេសជប៉ុន បានជួបនូវគ្រោះធម្មជាតិដោយទឹកភ្លៀងបន្តធ្លាក់មកជាបន្តបន្ទាប់ បណ្តាលឲ្យមានគ្រោះបាក់ស្រុតដី និងទឹកជំនន់នៅតែបន្តកើតឡើង បានបង្កឲ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងជាច្រើន ហើយចំនួនជនរងគ្រោះក៏បានកើនឡើង។ យ៉ាងណាមិញក៏មានប្រជាជនកម្ពុជា ជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសារបួងសួងដល់ប្រទេសជប៉ុនផងដែរ។
យ៉ាងណាមិញផលិតករវីដេអូសាកចិត្ត លោក តាន់ គីមសួរ ក៏ធ្លាប់បានប្រកាសចង់ប្រមូលម្តុំប្រជាជនខ្មែរចំនួនមួយម៉ឺននាក់ បង្កើតព្រឹត្តិការណ៍បង្ហាញទៅជប៉ុនវិញ នូវការដឹងគុណ ខ្វាយខ្វល់ចំពោះជប៉ុនដែលកំពុងតែជួបវិបត្តិទឹកជំនន់។ ជាក់ស្តែងនៅថ្ងៃលោក និងក្រុមការងារក៏បានជួបជុំគ្នាពិភាក្សាអំពីការបង្កើតព្រឹត្តិការណ៍នេះ ខណៈដែលកំពុងតែប្រជុំក៏មានជនជាតិជប៉ុនបង្ហាញពីអារម្មណ៍រំភើបជាខ្លាំង ហើយមិននឹកស្មានថា ប្រជាជនខ្មែរមានការឈឺឆ្អាល និងមានទឹកចិត្តមកកាន់ជនជាតិជប៉ុនទាំងអស់។ ដោយ លោក តាន់ គីមសួរ បានសរសេររៀបរាប់ថា៖
“ក្នុងអំឡុងពេលដែលពួកយើងកំពុងតែប្រជុំគ្នាពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍អធិដ្ឋានចំពោះមិត្តជប៉ុននៅក្នុងហាងកាហ្វេមួយ ស្រាប់តែមានជនជាតិជប៉ុនមួយក្រុមចូលមក ពួកយើងក៏បានទៅជម្រាបសួរហើយធ្វើការសួរសុខទុក្ខពួកគាត់។ ឆ្លៀតពេលនោះផងដែរពួកយើងក៏បានបង្ហាញអំពីអារម្មណ៍សោកស្តាយចំពោះប្រជាជនជប៉ុនដែលកំពុងតែទទួលការវាយប្រហារពីគ្រោះធម្មជាតិដ៏កាចសាហាវ ហើយបានប្រាប់ពួកគាត់អំពីគម្រោងដែលពួកយើងនឹងរៀបចំធ្វើដើម្បីជាការបង្ហាញអំពីទឹកចិត្តរបស់ពួកយើងទៅកាន់ជនជាតិជប៉ុនទាំងអស់។ ពួកគាត់មានអារម្មណ៍រំភើបជាខ្លាំង ហើយមិននឹកស្មានថាសូម្បីតែប្រជាជនខ្មែរធម្មតាក៏មានការដឹងគុណ ក៏មានទឹកចិត្តឈឺឆ្អាលចំពោះប្រជាជនពួកគាត់ ហើយពួកគាត់សន្យាថានឹងចូលរួមជាមួយពួកយើងក្នុងការបង្កើតព្រត្តិការណ៍មួយនេះដែរ ពេលវេលា ទីតាំងនិងលក្ខខណ្ឌនៃការចូលរួមនឹងធ្វើការប្រកាសនៅពេលឆាប់ៗខាងមុខនេះ”៕
No comments: