Header Ads

Breaking News
recent

បើស្រឡាញ់កូនត្រូវតែប្រដៅ

វ័យកុមារគឺជាអំឡុងវ័យនៃការរៀនយល់ដឹង ទើបឪពុកម្តាយមានតួនាទីនៅចាំមើលថែទាំយកចិត្តទុកដាក់ និងផ្តល់នូវការប្រដែប្រដៅដល់កូន។ នៅពេលកូនធ្វើខុស ឪពុកម្តាយជាច្រើនតែងតែមានក្តីកង្វល់ថា តើគួតែអប់រំប្រដែប្រដៅបែបណាដើម្បីកុំឱ្យមើលទៅឃើញធ្ងន់ធ្ងរ ឬធូររលុងជ្រុលពេក ថ្ងៃនេះ យើងមានពាក្យណែនាំល្អក្នុងការអប់រំកូនតូចនៅពេលគេធ្វើខុសមកជម្រាបជូនដូចខាងក្រោម។
1 . Time out
នៅពេលកូនធ្វើខុស ចូរនាំទៅកន្លែងណាស្ងាត់ៗ គ្មានរឿងអ្វីផ្សេងមកទាក់ទាញចំណាប់អារម្មណ៍ ដើម្បីឱ្យគេបានរំលឹកឡើងវិញពីទង្វើរបស់ខ្លួនឯង ដោយមានរយៈពេលគិតទៅតាមអាយុរបស់កូន ដូចជា 1 នាទីសម្រាប់អាយុ 1 ឆ្នាំ ឬរហូតទាល់តែកូនស្ងប់សតិអារម្មណ៍បានវិញ។ វិធីនេះនឹងធ្វើឱ្យកូនចេះគ្រប់គ្រងខ្លួនឯងបានល្អ និងទទួលស្តាប់គំនិតយោបល់របស់អ្នកដទៃ។
2 . បង្រៀន និងដាស់តឿនដោយវាចា
មិនមែនជាការរអ៊ូរទាំ ឬស្តីបន្ទោសនោះទេ តែជាការប្រាប់ឱ្យកូនបានដឹងពីហេតុ និងផលថា អ្វីដែលធ្វើនោះវាមិនត្រឹមត្រូវយ៉ាងណាខ្លះ និងណែនាំនូវអ្វីដែលត្រឹមត្រូវដែលកូនគួរធ្វើថាតើគួរធ្វើយ៉ាងណា។ អាចប្រើសម្លេងរាបស្មើធម្មតា តែហ្មត់ចត់ម៉ឺងម៉ាត់ដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេធ្វើនោះមិនត្រឹមត្រូវទេ គួរតែបានទទួលនូវការកែប្រែ ហើយដែលប៉ាម៉ាក់ដាស់តឿននេះក៏ព្រោះតែមិនចង់ឃើញកូនធ្វើខុស មិនមែនព្រោះតែខឹង ឬមិនស្រឡាញ់នោះទេ។
3 . បញ្ចេញសញ្ញាដាស់តឿនជាមុន
បើកូនមានទង្វើមិនស័ក្តិសមណាមួយ ឪពុក និងម្តាយត្រូវបញ្ចេញសញ្ញាដាស់តឿនឱ្យកូនបញ្ឈប់ទង្វើនោះភ្លាម មិនដូច្នោះ ទេ អាចនឹងត្រូវមានការចាត់ការចំពោះទង្វើរបស់គេដោយការដាស់តឿន អាចប្រើសម្លេងរាងមាំខ្លាំងៗ។ ទាំងអស់នេះគឺដើម្បីឱ្យកូនបានដឹងពីសញ្ញាគ្រោះថ្នាក់ដែលបង្កប់នៅក្នុងនោះ ធ្វើឱ្យកូនមានឱកាស់បានកែខ្លួន ឬត្រៀមខ្លួនត្រៀមប្រាណរួចជាស្រេចបើសឹនជាត្រូវទទួលទោស។
4 . ដាក់ទោសដោយការវាយ
វិធីនេះ គឺជាវិធីចុងក្រោយ តែបើចៀសបានគួរតែចៀស ដោយសារតែវិធីនេះ បើមានហេតុផលមិនគ្រប់គ្រាន់ ឬធ្វើឡើងព្រោះតែអារម្មណ៍ខឹងសម្បានោះ លទ្ធផលដែលទទួលបានច្រើនតែជាផលអាក្រក់ខ្លាំងជាងផលល្អ ដូច្នេះការវាយកូនត្រូវនឹកដល់គោលការណ៍ដូចតទៅនេះ។
. កុំចេះតែតិចៗវាយតិចៗវាយ ៖ ការវាយកូនមិនចាំបាច់វាយញឹកញាប់នោះទេ ព្រោះក្មេងដែលត្រូវវាយញឹកញាប់ អាចមានសញ្ញាថានឹងរឹង ឌឺ និងកាន់តែតតាំងខ្លាំងឡើង ដូច្នេះ កំហុសខ្លះ ឬទង្វើខ្លះដែលអាចដោះស្រាយបានដោយមិនចាំបាច់វាយ ដូចជា ការស្រែកយំឡូឡា ការគេងនោមដាក់ពូក ជាដើម គួរប្រើត្រឹមតែការដាស់តឿនទៅបានហើយ។
. ការវាយខ្លាំងៗ ឬការវាយដោយប្រើអារម្មណ៍ខឹងជាគោល ៖ នឹងធ្វើឱ្យកូនមានអារម្មណ៍ភ័យខ្លាច និងលែងហ៊ានចូលចិត្តឪពុកម្តាយ ដូច្នេះឪពុកម្តាយត្រូវប្រយ័ត្នប្រយែងកុំប្រើកម្លាំងបាយដាក់កូនខ្លាំងជ្រុលពេក និងគួរវាយក៏នៅពេលណាដែលកូនធ្វើខុសរឿងដដែលជាលើកទីពីរទាំងដែលប៉ាម៉ាក់ធ្លាប់បានដាស់តឿនរួចមកហើយ ទើបជាការវាយដែលសមហេតុសមផល។
. ការប្រើរំពាត់ ខ្សែក្រវាត់ ឬប្រដាប់ព្យួរខោអាវវាយកូន ៖ នឹងក្លាយជាការធ្វើឱ្យកូនឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត កូននឹងមានអារម្មណ៍ភ័យខ្លាច និងភ្ញាក់ផ្អើល ហើយអ្វីដែលតាមមកនោះគឺ កូននឹងមិនយល់ថា អ្វីដែលគេធ្វើនោះវាជាកំហុសនោះទេ តែគិតថាប៉ាម៉ាក់ប្រើកម្លាំងបាយដាក់គេ។
. កុំវាយកូននៅមុខអ្នកដទៃ ៖ ការវាយកូននៅចំពោះមុខអ្នកដទៃនឹងធ្វើឱ្យកូនខ្មាស់ និងបាក់មុខ វិធីចាត់ការនៅពេលកូនប្រព្រឹត្តិខ្លួនមិនគួរឱ្យស្រឡាញ់ខណៈមានភ្ញៀវមកលេងផ្ទះនោះ ឪពុកម្តាយគួរប្រើវិធីដាស់តឿនដោយសម្លេងមាំៗជាមុនសឹន បើគេមិនឈប់ ចូរនាំគេបំបែកចេញពីនោះមួយសន្ទុះរួចសឹមដាក់ទៅស។
ការដែលឪពុកម្តាយចង់អប់រំប្រដែប្រដៅកូននោះ អ្វីដែលសំខាន់ម្យ៉ាងនោះគឺ ការរម្ងាប់សតិអារម្មណ៍ និងប្រើហេតុផលឱ្យច្រើន ហើយឪពុកម្តាយក៏ត្រូវធ្វើជាគំរូដ៏ល្អឱ្យកូនៗបានឃើញជាប់ជានិច្ចដែរ ព្រោះក្មេងៗនឹងឆាប់ជ្រួតជ្រាបយកទង្វើរបស់អ្នកនៅជុំវិញខ្លួនគេណាស់ ហើយនៅពេលកូនធ្វើអំពើល្អអ្វីមួយ ឪពុកម្តាយក៏ត្រូវមិនភ្លេចក្នុងការសរសើរ និងលើកទឹកចិត្តឱ្យកូនធ្វើអំពើល្អៗបែបនេះតទៅទៀត៕

Credit by: Anny Fantastic Page


No comments:

Powered by Blogger.