Header Ads

Breaking News
recent

ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome)!

១) អ្វីទៅជា ជំងឺខ្សោយពោះវៀន ?
គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅ ក្នុងពោះវៀន។ ដោយពាក្យរបស់ខ្មែរយើងមិនទាន់មានពាក្យណាអាច បកប្រែអោយចំ និងស្រួលស្តាប់។ ជំងឺនេះត្រូវបានគេអោយឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការ ពន្យល់អ្នកជំងឺ ដូចជា៖
- ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
- ជំងឺខ្យល់ក្នុងពោះវៀន
- និង ហើមពោះវៀនជាដើម

ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។
២) តើរោគសញ្ញានៃជំងឺ ខ្សោយពោះវៀនមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖
- ការឈឺពោះរាំរ៉ៃ
- ចុកឆ្អល់ ក្នុងពោះ
- តឹងណែនក្នុងពោះ
- ញ៉ាំឆាប់ឆ្អែត

និងរោគសញ្ញាមួយចំនួនទៀតដែលអាចអោយគេចែកជំងឺនេះជា ៤ ក្រុម ៖
- រាគរ៉ាំរ៉ៃ (ក្រុមទី១)
- ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)
- រាគ និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)
- មិនមានរោគសញ្ញារាគ ឬ ទល់ទេ (ក្រុមទី៤)

៣) តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?
ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។
៤) តើធ្វើយ៉ាងណាដើម្បីអោយដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀន ពិតប្រាកដមែន?
ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើ រោគសញ្ញាដែលផ្តល់ដោយអ្នកជំងឺ យ៉ាងណាម៉ិញ មានជំងឺមួយចំនួន អាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺ មហារីកពោះវៀនជាដើម។ ដូចនេះដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយ ពោះវៀនអោយបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។
៥) តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?
ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុ ពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំង ទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើន មានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើន មិនមានបញ្ហានេះទេ។
៦) តើជំងឺខ្សោយពោះវៀនអាច ព្យាបាលជាឬទេ?
ជំងឺខ្សោយពោះវៀនជាជំងឺមួយដែលអាចព្យាបាលជា ប៉ុន្តែអត្រាលាប់ឡើង មកវិញគឺមានកម្រិតខ្ពស់ ការព្យាបាលទាមទារអោយមានការចូលរួមពី អ្នកជំងឺ ដើម្បីកាត់បន្ថយនូវអត្រាលាប់ឡើងមកវិញនេះ។ ដូចបានរៀបរាប់ ខាងលើសុខភាពផ្លូវចិត្តជាកត្តាសំខាន់ ដើម្បីការពារកុំអោយលាប់ អ្នកជំងឺ ចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងក្នុងចិត្ត យល់ច្បាស់ពីជំងឺរបស់ខ្លួន និងមានភាពជឿជាក់លើគ្រូពេទ្យ។
៧) តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?
ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជាៈ
- អ្នកខ្លះញ៉ាំម្ជូរមិនបាន
- អ្នកខ្លះញ៉ាំស៊ុតមិនបាន
- អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន

ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺមួយៗ។
បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភណ្ឌច្រឡំទៅនិងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបាន ច្បាស់លាស់និងទទួលនូវសេវាព្យាបាល អោយបានត្រឹមត្រូវ។
“ ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង! ”






អត្ថបទដោយ៖ អែននី

No comments:

Powered by Blogger.